នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញដឹកនាំក្រុមការងារគម្រោង CaWSIP-MAFF ចូលរួមក្នុងកិច្ចប្រជុំបើកបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣ (Kick-off Meeting of the 3rd Implementation Support Mission - ISM) នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមនាយកគម្រោង និងក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមបេសកកម្មរបស់ធនាគារពិភពលោក ព្រមទាំងមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្តនៃខេត្តគោលដៅទាំងបួន រួមមាន ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង បើកបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣ (3rd Implementation Support Mission - ISM) ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ពិនិត្យផែនការការងារ គោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្ម ព្រមទាំងកំណត់បញ្ហាប្រឈម និងវិធានការបន្ត ជំរុញការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។
ជាលទ្ធផល កិច្ចប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងធនាគារពិភពលោក ក្នុងការជំរុញការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ឱ្យសម្រេចបានលទ្ធផលជាក់ស្តែង និងរួមចំណែកដល់ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់គោលដៅ៕