នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយលោក សរ សារិន អគ្គកុងស៊ុលកិត្តិយស នៃស្ថានទូតសាធារណរដ្ឋប៉ូឡូញ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងប៉ូឡូញ និងកម្ពុជា លើវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើភាគីប៉ូឡូញ មកធ្វើទស្សនកិច្ច និងពិនិត្យមើល សក្តានុពលនៃការវិនិយោគផលិតផលខ្មែរ ដែលអ្នកវិនិយោគប៉ូឡូញអាចស្វែងរកឱកាសនៃការនាំចេញ នាំចូលទៅប្រទេសប៉ូឡូញឱ្យមានភាពងាយស្រួល។ លើសពីនេះទៀត គឺការពិនិត្យលទ្ធភាពក្នុងកម្មវិធីផ្ទេរបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដែលអាចធ្វើការសហការជាមួយសាកលវិទ្យាល័យកសិកម្មទាំង ៣នៃប្រទេសកម្ពុជា ក្នុងការជំរុញបច្ចេកទេសកសិកម្ម ពិសេសផ្នែកភាសាអង់គ្លេស និងកុំព្យុទ័រ ដែលអាចបញ្ជូនគ្រូឬអ្នកជំនាញមកបាន។
សូមជម្រាបជូនថា ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញមានរយៈពេលជាយូរមកហើយ ប៉ុន្តែមិនធ្លាប់មានកិច្ចសហប្រតិបត្តិការទាក់ទងនឹងវិស័យកសិកម្ម គួរឱ្យកត់សម្គាល់ឡើយ ដែលនេះជាការចាប់ផ្តើមថ្មីជាមួយគ្នា៕