នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវការកាត់បន្ថយមេតាន ក្នុងវិស័យដំណាំស្រូវ នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមចំនួន ៥៥រូប។
ជាកិច្ចចាប់ផ្តេីម លោកស្រី Nurmi Pangesti បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីវិស័យស្រូវអង្ករកម្ពុជា ដែលមានគុណភាពល្អក្នុងការនាំចេញ មានការទទួលស្គាល់ពីទីអន្តរជាតិនិងទីផ្សារសាកល ផ្តល់សេដ្ឋកិច្ចដល់ប្រជាកសិករ និងមានភាពធន់ផ្អែកលើបម្រែបម្រួលអាកាសធាតុ។
បន្ថែមពីនេះ លោកស្រី Nathalie Andre ក៏បានលើកឡើងពីភាពចាំបាច់នៃផែនទីបង្ហាញផ្លូវនៃការកាត់បន្ថយមេតាន ដែលមានសារៈសំខាន់ក្នុងការទទួលបានទិន្នន័យជាក់លាក់ បច្ចេកវិទ្យាសម្រាប់ការអនុវត្ត ហើយកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ននេះ ជាសក្ខីភាពមួយដែលមានផែនការយុទ្ធសាស្រ្ត ប្រកបដោយចីរភាព និងរឹងមាំក្នុងការកាត់បន្ថយមេតាន ក្នុងវិស័យដំណាំស្រូវ។
លើសពីនេះ លោកបណ្ឌិត Sander Bjoem Ole បានគូសបញ្ជាក់អំពីគុណប្រយោជន៍នៃផែនទីបង្ហាញផ្លូវក្នុងវិស័យដំណាំស្រូវកម្ពុជា ដែលអ្នកចូលរួមអាចយល់ដឹង និងអាចបំពេញបន្ថែមនូវធាតុចូលសំខាន់ៗសំដៅទទួលបានលទ្ធផលមួយប្រកបដោយផ្លែផ្កា និងនិរន្តរភាពបរិស្ថាន។
ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ មានក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវដំណាំស្រូវ(IRRI) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសិក្ខាសាលានេះឡេីង ដែលមានសារៈសំខាន់សម្រាប់វិស័យស្រូវ-អង្ករកម្ពុជា ក្នុងការទទួលបានផែនទីបង្ហាញផ្លូវកាត់បន្ថយមេតាន។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងលម្អិតអំពីគោលនយោបាយអាទិភាពទី៥ និងទី៦ និងបានចែករំលែកដល់អង្គពិធីអំពីភាពជោគជ័យនៃផលិតកម្មស្រូវកម្ពុជា ដែលជាប្រទេសធ្លាប់ខ្វះស្បៀងទៅជាប្រទេសផលិតស្រូវអង្ករលើសនាំចេញ។ ក្រសួងកសិកម្មគាំទ្រ និងចូលរួមសម្របសម្រួលការផ្តួចផ្តើមគំនិតនានាក្នុងការជំរុញផលិតកម្មនិងការនាំចេញអង្ករកាបោនទាប (Low Carbon Rice) ទៅកាន់ទីផ្សារអន្តរជាតិ សំដៅជំរុញការនាំចេញកសិផល និងលើកកម្ពស់ជីវភាពប្រជាកសិករ។
តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលផ្តល់កិច្ចសហប្រតិបត្តិការល្អ និងលើកទឹកចិត្តដល់អង្គសិក្ខាសាលា ចូលរួមពិភាក្សាផ្តល់នូវធាតុចូលសំខាន់ៗបន្ថែម ដើម្បីទទួលបានផែនទីបង្ហាញផ្លូវការកាត់បន្ថយមេតាន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ក្នុងវិស័យស្រូវអង្ករកម្ពុជា៕