នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ថ្នាក់ដឹកនាំនិងការិយាល័យជំនាញ នៃក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្ត បានអញ្ជើញចុះតាមដាន និងត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តត្បូងឃ្មុំ។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះត្រួតពិនិត្យលើទីតាំងសត្តឃាតដ្ឋានជាក់ស្តែងចំនួន០៥ ដែលមានទីតាំងស្ថិតនៅក្នុងឃុំអំពិលតាពក ស្រុកអូរាំងឳ ឃុំជប់ ស្រុកត្បូងឃ្មុំ សង្កាត់សួង ក្រុងសួង ឃុំកោងកាង ស្រុកពញាក្រែក និងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈក្នុងខេត្តត្បូងឃ្មុំទាំងមូលមានចំនួន០៨ ទីតាំងក្នុងនោះមានសត្តឃាតដ្ឋានប្រភេទ “ ក ” ចំនួន១កន្លែង និងសត្តឃាតដ្ឋានប្រភេទ “ ខ ” ចំនួន០៧ កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យម្ចាស់សត្តឃាតដ្ឋានត្រូវយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេស ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តិជាធរមានឱ្យបានត្រឹមត្រូវ ដើម្បីធានាបានផលិតផលសត្វមានគុណភាព អនាម័យ និងសុវត្ថិភាពខ្ពស់ដល់អ្នកបរិភោគ។ ដោយឡែក ចំពោះកសិដ្ឋានចិញ្ចឹមសត្វវិញ គឺត្រូវចិញ្ចឹមជាលក្ខណៈក្រុម ហើយតំណាងក្រុមអ្នកចិញ្ចឹមបានលើកពីផលលំបាកនៃទីផ្សារ ព្រមទាំងកត្តាខ្វះខាតទុន សម្រាប់វិនិយោគផងដែរ។
ជាការឆ្លេីយតប ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ការណែនាំតំណាងក្រុមអ្នកចិញ្ចឹម ត្រូវចងក្រងរៀបចំជាសហគមន៍អ្នកចិញ្ចឹម ដោយមានការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវរៀបចំផែនការអាជីវកម្មរបស់ខ្លួនឱ្យបានច្បាស់លាស់ នឹងស្វែងរកការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់គាំទ្រហិរញ្ញប្បទានវិនិយោគការងារផលិតកម្មសត្វនេះឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕