នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូបានអញ្ជើញចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Metallurgical Corporation of China Ltd. (MCC) ដើម្បីពិភាក្សាអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការលើការវិនិយោគនៅកម្ពុជាដោយផ្តោតលើ ការកសាងហេដ្ឋារចនា សម្ព័ន្ធសម្រាប់ឧស្សាហកម្មកសិកម្ម ការកសាងគ្រឿងបរិក្ខាសម្រាប់ឧស្សាហកម្មកសិកម្ម និងការកសាងហេដ្ឋារចនាលើដីកសិកម្មកម្ពុជា។ នៅរសៀលថ្ងៃដដែល គណប្រតិភូ បានអញ្ជើញបន្តដំណើរចូលជួបជាមួយអគ្គរដ្ឋបាល គ្រប់គ្រងគុណភាព ត្រួតពិនិត្យ និងចត្តាឡីស័កនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីយន្តការគាំទ្រ ដល់ កម្ពុជាពង្រីកការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ តាមរយៈការផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេស និងបច្ចេកវិទ្យាត្រួតពិនិត្យគុណភាព អនាម័យ និងភូតគាមអនាម័យ។