នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកស្ទឹងត្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល និងពង្រឹងការអនុវត្តច្បាប់ នៅក្នុងឃុំមួយចំនួន នៅស្រុកបាធាយ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបនោះ បាន៣ករណី រួមមាន ៖ ករណីទី១ នៅចំណុចព្រែកអូរម៉ាល់ ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ បានរុះរើរបាំងផ្ចិតព្រែកចំនួន២កន្លែង ប្រវែង២២ម៉ែត្រ របាំងព្រួលឫស្សីប្រវែង ២០ម៉ែត្រ លបសាច់រ៉ាវ ចំនួន៤មាត់ ប្រវែង៦០ម៉ែត្រ បង្គោលចម្រឹងចំនួន៨៥ដើម ។
ករណីទី២ នៅចំណុចវាលអាចម៍ក្របី ឃុំព្រែកបាក់ បង្រ្កាបបានឧបករណ៍លូស្បៃមុងចំនួន១២មាត់ របាំងស្បៃមុងប្រវែង៣៦០ម៉ែត្រ បង្គោលចម្រឹងចំនួន១៨០ដើម ចាក់លែងត្រីចម្រុះទម្ងន់៤៨គីឡូក្រាម។ ករណីទី៣នៅចំណុចចុងព្រែក ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បង្រ្កាបបានឧបករណ៍ស្បៃមុងចំនួន៩មាត់ របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ បង្គោលចម្រឹងចំនួន១៣៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម។
ទន្ទឹមនឹងនោះដែរ ក្រុមការងារពាក់ព័ន្ធទាំងអស់ នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម រួមទាំងបន្តផ្សព្វផ្សាយដល់ប្រជានេសាទឱ្យបញ្ឈប់ការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ជាដើម៕