នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀនប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀន ដល់និស្សិត និងសាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃ អ.ជ.ប.គ.ញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីក្រសួង ថ្នាក់ដឹកនាំវិទ្យាស្ថាន និងគ្រូឧទ្ទេសមួយចំនួន។
តាមរយ:បទបង្ហាញរបស់គ្រូឧទ្ទេសនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ និស្សិតនិងសាស្រ្តាចារ្យចំនួនប្រមាណ ២០០នាក់ បានស្វែងយល់អំពីផលប៉ះពាល់នៃគ្រឿងញៀន ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធីទូរសព្ទ "No Drug" ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស និងរាយការណ៍ជូនដល់សមត្ថកិច្ចអំពីករណីគ្រឿងញៀនបានទាន់ពេលវេលា។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យបន្តនៅឆ្ងាយពីគ្រឿងញៀន និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ស្របតាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕