ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញចុះធ្វើការគាំទ្រ តម្រង់ទិសការអនុវត្តការងារដំបូងរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ជាប់ថ្មី នៅក្នុងខេត្តចំនួនពីរបន្ថែមទៀត

ចេញ​ផ្សាយ​ ០៣ មេសា ២០២៥ 360

នៅថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ និងមន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានអញ្ជើញចុះគាំទ្រ តម្រង់ទិសការអនុវត្តការងារដំបូងរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់នៅខេត្តគោលដៅចំនួនពីរ។ ក្នុងនោះ ខេត្តព្រះសីហនុ មានមន្ត្រីកសិកម្មឃុំថ្មីទាំងអស់១៧នាក់ និងខេត្តកោះកុងមានចំនួន២១នាក់។
នាឱកាសនេះ ឯកឧត្តម យ៉ង សាំងកុមារ បានលើកឡើងអំពី៖ ១. យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧ និងចក្ខុវិស័យជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ និងទី២.គោលនយោបាយអាទិភាពទាំង៦ ជាពិសេសគោលនយោបាយអាទិភាពទី៥ទី៦ ៣.តួនាទីភារកិច្ចមន្ត្រីកសិកម្មឃុំសង្កាត់។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងចាស់ថ្មី ឱ្យបំពេញការនៅមូលដ្ឋានឱ្យបានល្អ ហើយត្រូវសហការជាមួយភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាបម្រើកសិករ ដោយស្មោះត្រង់ សម្រេចបាននូវការបង្កើនប្រាក់ចំណេញខ្ពស់ពីវិស័យកសិកម្ម ដើម្បីសម្រេចក្ខុវិស័យខាងលើ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ដំណើរការចុះតម្រង់ទិសដំបូងដល់មន្ត្រីកសិកម្មឃុំថ្មីវគ្គ២ អនុវត្តបាន១៩ខេត្តហើយ៕

Other News
slide 5 to 7 of 12