នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងយន្តការសម្របសម្រួលរវាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការគាំទ្រការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់» ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការទស្សនៈពិភពលោក(World Vison Cambodia) នៅសាលស្ថានីយ៍ស្រាវជ្រាវកសិកម្មទឹកវិល ខេត្តសៀមរាប។
សិក្ខាសាលានេះរៀបចំឡើង ដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការ ជាមួយអង្គការទស្សនពិភពលោក មានការចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ខាត់ សុធី លោកធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងសហការី មន្ត្រីកសិកម្មឃុំ -សង្កាត់ តំណាងមកពីខេត្តទាំង២៤ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាច្រើនរូបទៀត។
គោលបំណងនៃសិក្ខាសាលា ដើម្បីពិនិត្យឯកភាពលើទិសដៅ និងអាទិភាពនៃ កិច្ចសហប្រតិបត្តិការគាំទ្រមន្ត្រីកសិកម្មឃុំ សង្កាត់ ព្រមទាំងផ្សារភ្ជាប់កម្មវិធី និងគម្រោងរបស់ដៃគូអភិវឌ្ឍន៍ជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។ ផ្តោតលើការកំណត់យន្តការសម្របសម្រួល ចែករំលែកព័ត៌មាន និងតាមដាន ការអនុវត្តការងាររួមគ្នា ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ សង្កាត់ ការអភិវឌ្ឍទីតាំងបង្ហាញ និងលើកកម្ពស់ការយល់ដឹងរបស់កសិករ ដើម្បីពង្រី កបណ្តាញកសិករឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តម យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា ការងារអាទិភាពរបស់មន្ត្រី កសិកម្មឃុំ សង្កាត់ ត្រូវអនុវត្តស្របតាមគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើការផ្តល់សេវាបច្ចេកទេស កសិកម្មនៅមូលដ្ឋាន និងការរួមចំណែកបង្កើនប្រាក់ចំណូលរបស់កសិករ។ ក្នុងន័យនេះ មន្ត្រីកសិកម្មឃុំ សង្កាត់ គឺជាកម្លាំងស្នូលដែលត្រូវចុះទៅដល់ មូលដ្ឋាន និងធ្វើការដោយផ្ទាល់ជាមួយកសិករ ដើម្បីស្វែងយល់ និងដោះស្រាយ បញ្ហាប្រឈម ជំរុញការអនុវត្តបច្ចេកទេសកសិកម្មសមស្រប ព្រមទាំងចងក្រង និងពង្រឹងសហគមន៍កសិកម្មទំនើប ឱ្យមានសមត្ថភាពផលិត និងភ្ជាប់ទៅកាន់ ទីផ្សារបានកាន់តែប្រសើរ៕