នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីនៃរដ្ឋបាលព្រៃឈើ ព្រមទាំងរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំ ជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរចំណុះ រដ្ឋបាលស្រុក និងឃុំនៃខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ ច័ន្ទវាសនា បានលើកឡើងថា ក្រសួងកសិកម្មគាំទ្រការចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ព្រមទាំងត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួម និងជំរុញដំណើរការការងារឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ទន្ទឹមនេះ ឯកឧត្តមក៏បានស្នើសុំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋបាលខេត្តបន្តគាំទ្រ និងជំរុញការងារចុះបញ្ជីដីរដ្ឋដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ៕