នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ សមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជាកន្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើលទ្ធភាពសហប្រតិបត្តិការជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍ចំណាប់អារម្មណ៍របស់គណៈប្រតិភូសមាគមចិននៅកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគក្នុងការការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។
ក្នុងន័យនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបង្ហាញពីសក្តានុពលនិងផ្ដល់អនុសាសន៍សម្រាប់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដូចខាងក្រោម៖ ទី១. លទ្ធភាពការនាំចេញកសិផលសក្តានុពល១៧មុខ ពីកម្ពុជាទៅកាន់ប្រទេសចិន។ ទី២. ការលើកទឹកចិត្តវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ QIP។ ទី៣. នីតិវិធីការចុះបញ្ជី ការកែច្នៃ ឡូជីស្ទិក ឡសម្ងួត និងការនាំចេញសំបុកត្រចៀកកាំ ទុរេន ស្វាយ ស្វាយចន្ទី មៀនក្រៀម ដំឡូងមី អង្ករធ្វើស្រា ព្រមទាំងចិញ្ចឹមសត្វទៅកាន់ប្រទេសចិន និងទី៤. ការធ្វើកិច្ចសហការស្រាវជ្រាវរួមគ្នាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA)។
ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យទាំងនេះមានសក្តានុពលយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងលើកកម្ពស់ផលិតកម្មកសិកម្មដែលមានតម្លៃបន្ថែម ទាក់ទាញការវិនិយោគ និងបង្កើតឱកាសថ្មីៗសម្រាប់កសិករ និងអាជីវកម្មកសិកម្មនៅកម្ពុជា។
ជាមួយគ្នានេះ ភាគីចិនបានគោរពថ្លែងអំណរគុណ ឯកឧត្តម គី ច័ន្ទរំដួល ដែលបានផ្តល់អនុសាសន៍ក្នុងការវិនិយោគ ហើយសមាគមនឹងជួយផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តពិសេស របស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនចិនឱ្យមកធ្វើការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជា៕