នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង នាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ នៅសហគមន៍កសិកម្មបក្សីរីករាយ និងសហគមន៍កសិកម្មឧត្តមសូរិយា ខេត្តតាកែវ ដែលទទួលបានការគាំទ្រដោយគម្រោង CFAVC ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយ លោក ហែម ចាន់ធូ មន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី និងសហការី។
ដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមអមដំណើរពី ឯកឧត្តមអនុរដ្ឋលេខាធិការ អ៊ឹង វណ្ណា នាយករងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC/MRD) លោក កើត កិត្តិនាថ ប្រធានគ្រប់គ្រងគម្រោង (CFAVC/MAFF) នៃក្រសួងកសិកម្ម លោក អ៊ិន ចាន់រតនៈ ប្រធានគ្រប់គ្រងគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ (CFAVC/MRD) លោក អ៊ឹម សួស្តី ប្រធានគ្រប់គ្រងគម្រោងនៃក្រសួងធនធានទឹកនិងឧតុនិយម(CFAVC/MoWRAM) លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្ត្រីជំនាញ ទីប្រឹក្សាគម្រោង អាជ្ញាធរមូលដ្ឋាន មន្រ្តីកសិកម្មឃុំ ព្រមទាំងសមាជិក សមាជិកា សហគមន៍កសិកម្មបក្សីរីករាយ និងសហគមន៍កសិកម្មឧត្តសូរិយា។
ឯកឧត្តមបានគូសបញ្ជាក់ថា បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងជាក់ស្តែង លើហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានគាំទ្រដោយគម្រោង CFAVC រួមមាន ផ្លូវលំធ្វើដំណើរនៅទីជនបទ ឃ្លាំងស្ដុកកសិផល ស្រះស្តុកទឹកភ្លៀង ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកលើដំណាំ ស្វាយ ដែលរួមចំណែកគាំទ្រជីវភាពសមាជិកសហគមន៍ និងលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ៕