នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងចម្រុះថ្នាក់ជាតិ ដែលឈរជើងនៅក្នុងកន្លែអភិរក្សធនធានជលផលកំពង់ប្រាក់ និងអតីតឡូតិ៍លេខ៦។
នៅក្នុងដំណើរលើកនេះ ឯកឧត្តម បានសង្កេតឃើញថា បទល្មើសជលផលក្នុងដែនទឹកបឹងទន្លេសាបនៃខេត្តពោធិ៍សាត់មានការថយចុះច្រើន ដោយសារការខិតខំប្រឹងប្រែងចុះល្បាតជាប្រចាំរបស់ក្រុមចម្រុះ។ ដោយឡែក កន្លែងអភិរក្សកំពង់ប្រាក់ បានរក្សាបានពូជត្រីពោដ៏ច្រើនឥតគណនា ហើយទីតាំងអភិរក្សនេះទៀតសោត ក៏បានបោះបង្គោលជ្រុំព័ទ្ធជុំវិញបរិវេណ និងសម្រាប់ជាជម្រកបានយ៉ាងល្អ ដោយទទួលបាននូវការជ្រោមជ្រែង និងជួយឧបត្ថម្ភជាប្រចាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ខូយ រីដា។
នៅចំពោះមុខឯកឧត្តម ប៉ែន ផល្លីកា មន្ដ្រីជលផលនិងកងកម្លាំងចម្រុះថ្នាក់ជាតិ បានប្តេជ្ញាបន្តការខិតខំបន្ថែមទៀត ដើម្បីជួយអភិរក្សនូវធនធានជលផលឱ្យបានគង់វង្ស ក្នុងការបន្តពូជបន្ថែមក្នុងរដូវពងកូននារដូវទឹកឡើងក្នុងរយ:ពេលដ៏ខ្លីខាងមុខនេះ៕