មន្ត្រីក្រសួងកសិកម្ម បាននិយាយឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១០ គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ អស់លោកទីប្រឹក្សាក្រសួងកសិកម្ម ថ្នាក់ដឹកនាំអង្គភាព នាយកដ្ឋានពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសមួយចំនួន បានអញ្ជើញចុះពិនិត្យមើល ស្ថានភាពរាំងស្ងួត និងសំណេះសំណាល ជាមួយប្រជាកសិករចំនួន១០០គ្រួសារ នៅភូមិពាមអម្ពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
ឯកឧត្តមរដ្ឋមន្ត្រី បានចុះដល់វាលស្រែដែលទទួលភាពរាំងស្ងួត ដើម្បីមើលពីស្ថានភាពស្រូវ ដែលកំពុងខ្វះខាតទឹក បន្ទាប់មកក្នុងឱកាសសំណេះសំណាលជាមួយប្រជាកសិករចំនួន១០០ គ្រួសារ។
នៅទីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំសេចក្តីផ្តាំផ្ញើរ និងសាកសួរសុខទុក្ខ សេចក្តីនឹករលឺក របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយ សម្តេចទាំងបីក៏បានប្រសិទ្ធពរបវរមហាប្រសើរជូនដល់ប្រជាពលរដ្ឋនាទីនោះផងដែរ។
មន្ត្រីដដែលនេះបានឱ្យដឹងថា ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍មួយចំនួនដោយជំរុញឱ្យក្រុមប្រឹក្សាភូមិ ឃុំគួរបង្វែរកញ្ចប់មូលិធិភូមិ ឃុំ ដែលមានរាល់ឆ្នាំ សម្រាប់កសាង រចនាសម្ព័ន្ធ ប្រព័ន្ធទឹកវិញ (ប្រឡាយ ទំនប់ទឹក ។ល) នៅពេលដែលទទួលបានទឹកគ្រប់គ្រាន់ ធ្វើស្រូវបាន២ដង ដោយធ្វើស្រូវដើមរដូវ និងធ្វើស្រូវវស្សា។
ធ្វើស្រូវឱ្យបានច្រើនដើម្បីឆ្លើយតបទៅនឹង តម្រូវការ (ធ្វើដើម្បីលក់ មិនសម្រាប់តែហូប) និងបង្វែរដីស្រែមកជាដីចម្ការ ដែលដាំនូវប្រភេទដំណាំ ដែលត្រូវការទឹកតិច សន្សើម ដូចជា សណ្តែកត្រសក់ ល្ពៅ សម្រាប់ផ្គត់ផ្គង់ទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រុញឱ្យប្តូវពូជចាស់ដែលមានក្នុងដៃចេញ មកប្រើពូជស្រូវស្រាលមិនប្រកាន់រដូវទាំងអស់។
ចាប់ពីឆ្នាំក្រោយត្រូវប្តូរទម្លាប់ដែលធ្លាប់តែធ្វើសំណាបរងចាំដី មកធ្វើដី(ដាស់ដី)រងចាំសំណាបវិញ គឺត្រូវរៀបចំដាស់ដី២-៤ដង និងធ្វើដីឱ្យបានស្អាតរៀបស្មើល្អ។ សំណាបកាន់តែខ្ចី កាន់តែខ្លាំង សំណាបកាន់តែចាស់កាន់តែអន់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំផងដែរពីការប្រើប្រាស់ទឹក ប្រើប្រាស់ទឹកឱ្យសន្សំសំចៃ ប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ សន្សំជីធម្មជាតិ កាត់បន្ថយការប្រើប្រាស់ ជីគីមី។ ជាមួយនេះក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងភ្លឺស្រៃ និងការគ្រប់គ្រងទឹក ការបង្កើតប្រភពទឹក។ល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧត្ថមប្រេងម៉ាស៊ូតចំនួន ៥០០លីត្រ និងជួយម៉ាស៊ីន ប៉ូមទឹកកម្លាំង១៦សេស ថ្មីមួយគ្រឿងដល់សហគមន៍សម្រាប់ប្រើប្រាស់ក្នុងការជួយអន្តរាគមន៍បូម ប្រចាំបាច់សង្គ្រោះ៕