មន្ត្រីកសិកម្មឃុំចំនួន១០០០នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុងទទួលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

ចេញ​ផ្សាយ​ ០៤ មេសា ២០២៥ 546

ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មន្ត្រីកសិកម្មឃុំ​ចំនួ ១ ០០០នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួល​វគ្គបណ្តុះ​បណ្តាលពង្រឹងសមត្ថភាពឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ 
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និង​ចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការ អំពីអក្ខរកម្មទិន្នន័យ សន្តិសុខ​សាយប័រ ឯកជនភាពទិន្នន័យ កម្មវិធីផលិតភាពនានា និងវិធានការ​ការពារ​ ទាំងលើឧបករណ៍ និងប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចឱ្យមន្ត្រីរាជ​ការ​បំពេញកិច្ចការរបស់ខ្លួនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាច​ប្រើប្រាស់​ទិន្នន័យជាគោលក្នុងការសម្រេចចិត្តនានា ជាពិសេសចូលរួម​ការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមគោលនយោ​បាយ​របស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនោះ មន្ត្រីកសិកម្មឃុំទាំង ១ ០០០នាក់ ត្រូវបានបែងចែក​ជា​ក្រុម ដើម្បីសិក្សាមុខវិទ្យាចំនួន៣ គឺអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ អក្ខរកម្មទិន្នន័យ និងសន្តិសុខសាយប័រ ដែលការសិក្សានេះទៀតសោត មានរយៈពេល៧ថ្ងៃ សរុប៤៨ម៉ោង។
សូមបញ្ជាក់ថា មន្រ្តីកសិកម្មឃុំមានតួនាទីនិងភារកិច្ច ជួយកសិកក្នុងការដាំដុះកសិផល ឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករបានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ 
នៅក្នុងឆ្នាំ២០២៥នេះ មន្ដ្រីកសិកម្មឃុំចំនួន ១ ០០០នាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេសកម្ពុជា បន្ថែមលើមន្ដ្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលមានស្រាប់៕

Other News
slide 5 to 7 of 12