នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាព ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារទទួលបន្ទុកក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ អ្នកសម្របសម្រួលគម្រោង EMPOWER និងកសិករ សរុប៥៧នាក់ ក្នុងនោះស្ត្រី១៩នាក់។
មហាសន្និបាតនេះ ត្រូវបានសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្នុងក្របខណ្ឌគម្រោង EMPOWER ក្នុងគោលបំណងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសិកររួមគ្នារៀបចំការផលិត កែច្នៃ និងធ្វើទីផ្សារកសិផលឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការរវាងសមាជិក ដើម្បីបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពកសិករ។
ជាលទ្ធផល អង្គមហាសន្និបាតបានពន្យល់ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងលក្ខន្តិកៈនៃសហគមន៍កសិកម្មទំនើប ព្រមទាំងបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៧រូប ក្នុងនោះស្ត្រី ៣រូប និងគណៈកម្មការត្រួតពិនិត្យចំនួន ៥រូប ក្នុងនោះស្ត្រី ៣រូប។ ទន្ទឹមនេះ សមាជិកក៏បានឯកភាពជ្រើសរើសឈ្មោះសហគមន៍ថា «សហគមន៍កសិកម្មទំនើបសាមគ្គីរីកចម្រើន» ដើម្បីក្លាយជាមូលដ្ឋានសម្រាប់ការរួមគ្នាអភិវឌ្ឍវិស័យកសិកម្មនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព៕