នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតចំនួន២៥នាក់ ដែលទទួលបានជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន នៅទីស្តីការក្រសួងកសិកម្ម។
ជំនួបនេះធ្វើឡើង ដើម្បីផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍ដល់ក្រុមនិស្សិតចំនួន២៥នាក់ មកពីបណ្តាក្រសួង-ស្ថាប័នសាធារណៈ ដែលទទួលបានជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (JDS-២០២៣) មុននឹងចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យនានានៃប្រទេសជប៉ុន នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្តម ចាន់ សុវុឌ្ឍ បានផ្ដាំផ្ញើដល់យុវជនខ្មែរ ជាមន្ដ្រីរាជការដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុនក្នុងពេលដ៏ឆាប់ខាងមុខនេះ ត្រូវកសាងសមត្ថភាពជំនាញបន្ថែម ដើម្បីបម្រើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគតឱ្យកាន់តែប្រសើរ៕