ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាអធិបតីភាពប្រារព្ធពិធីបុណ្យដារលាន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០១៨ 3808

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រារព្ធពិធីបុណ្យដារលាន ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ។ ចូលរួមក្នុងពិធីនេះដែររួមមាន៖ ឯកឧត្ដម លីឡេង អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អស់លោក លោកស្រីជា​ថ្នាក់ដឹកនាំក្រសួង និងអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរដែនដី ហើយនិងសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប​ប្រមាណ៧០០នាក់។ ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់ និងអាទិភាពនៃវិស័យកសិកម្ម និងវឌ្ឍនភាពដ៏គួរកត់សម្គាល់នៃវិស័យកសិកម្ម រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំមុន ផលិតកម្ម ស្រូវ គឺសម្រេចបានជាង ៩,៣៣លានតោន មានអតិរេកស្រូវប្រមាណ ៤,៦៥លានតោន និងនាំចេញអង្ករចេញជាផ្លូវការ​ប្រមាណ ៥៤ម៉ឺនតោន ទៅកាន់៦៥ប្រទេស។ ដោយឡែក ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៦នេះ សម្រេចបានចំនួនជាង ២លាន ៥៩៩ ពាន់ហ.ត ស្មើនឹង ១០៤,៩៧% នៃផែនការជាង ២លាន ៤៧៦ពាន់ហ.ត កើនលើសឆ្នាំមុនចំនួន ៣៧ ៦២៨ហ.ត ដោយទទួលបានទិន្នផលមធ្យម ២,៩៣៥ត/ហ.ត ខ្ពស់ជាងឆ្នាំងមុន ដែលមានទិន្នផលមធ្យមត្រឹម ២,៨២៧ត/ហ.ត ដោយទទួលបានបរិមាណផលចំនួនជាង ៧លាន ៥៨៦ពាន់តោន កើនលើសឆ្នាំមុនចំនួន ៤១៦ ០៩២តោន។ ដោយឡែកការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០១៧ កសិករកំពុងបន្តអនុវត្តការងារភ្ជួររាស់ សាប ព្រោះ និងស្ទូងយ៉ាងមមាញឹកនៅលើផ្ទៃដីចំនួនប្រមាណ ៤៨៩ ៤៩៩ហ.ត ដែលតាមការប៉ាន់ស្មាន អាចនឹងទទួលទិន្នផលមធ្យមចំនួន ៤,៤៦១ ត/ហ.ត និងបរិមាណផលសរុបចំនួនជាង ២លាន ១៨៣ពាន់តោន។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា "ពិធីបុណ្យដារលាន" (ដែលអ្នកស្រុកខេត្តត្បូងឃ្មុំហៅថា "បុណ្យប្រមូលស្រូវឡើងជម្រុក") ដែលប្រជាកសិករតែងប្រារព្វធ្វើក្រោយពីច្រូតកាត់រួច ជារៀងរាល់ឆ្នាំ ជាពិធីបុណ្យផ្សារ ភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ដែលជាប្រពៃណី ទំនៀមទំលាប់ដ៏យូរលង់និងល្អផូរផង់នៃកម្ពុជា។ ការប្រារព្វពិធីនេះប្រារព្ធធ្វើឡើង​ក្នុងគោលបំណងរក្សាអត្តសញ្ញាណជាតិខ្មែរ បង្កឱកាសឲ្យ​ប្រជាជនជួបជុំគ្នា ជជែកចែករំលែកពីបទពិសោធន៍ពីការងារបង្កបង្កើនផលនារដូវកាលកន្លងមក និងកំសាន្តសប្បាយក្រោយពីការនឿយ​ហត់ក្រោមកំដៅថ្ងៃនាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍ដល់អង្គពិធីទាំងមូលដើម្បីធ្វើការពិចារណាអនុវត្តដូចតទៅ ៖

ទី១- ត្រូវជ្រើសរើសប្រភេទពូជស្រូវដែលឆ្លើយតបនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលធាតុអាកាស និងតម្រូវការទីផ្សារ និងយកគ្រាប់ពូជស្រូវសុទ្ធល្អមកធ្វើការដាំដុះដោយអនុវត្តបច្ចេកទេស​កសិកម្មសម​ស្របដើម្បី​ទទួលបានទិន្នផលខ្ពស់ គុណភាពល្អ និងថ្លៃខ្ពស់នៅលើទីផ្សារ។ ម្យ៉ាងទៀត ត្រូវគិតគូររៀបចំដីស្រែឱ្យបានត្រឹមត្រូវដោយភ្ជួររាស់ឱ្យសព្វល្អ និងកៀរពង្រាបដីឱ្យស្មើល្អ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដាំដុះ ការគ្រប់គ្រងទឹក ការគ្រប់គ្រងជី និងការកម្ចាត់សមាសភាពចង្រៃធ្វើឱ្យដំណាំស្រូវលូតលាស់ល្អនិងផ្តល់ទិន្នផលខ្ពស់ ស្របនឹងដំបូន្មានរបស់ ភិរម្យង៉ុយ ដែលបានពោលថា “ធ្វើស្រែចម្ការ ស្តាប់មហាសង្រ្កាន្ត ធ្វើម្តងខុសខាត ធ្វើម្តងទៀតបាន ធ្វើតាមប្រមាណ ប្រមើលទឹកភ្លៀង”។ ជាមួយនេះក៏មិនត្រូវមើលរំលងអំពីការបន្ដពង្រឹងការងារ​អប់រំផ្សព្វផ្សាយ​បច្ចេកទេសដល់កសិករឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត តាមគ្រប់មធ្យោបាយដូចជា សាលារៀនស្រែកសិករ វគ្គបណ្ដុះបណ្ដាលខ្លីៗ ការធ្វើបង្ហាញ ទិវាស្រែនិងចងក្រងកសិករជា​សហគមន៍​អភិវឌ្ឍន៍កសិកម្ម ងាយស្រួលដល់ការអនុវត្តផលិត-កម្មប្រមូលផ្តុំនិងការស្វែងរកទីផ្សារ។

ទី២- ពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្មដើម្បីផលិតក្នុងទ្រង់ទ្រាយធំ ដោយអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យាដោយស្មោះត្រង់រវាងអ្នកផលិត និងអ្នកប្រមូលទិញ តាមគោលការណ៍ "ភូមិមួយផលិតផលមួយ" ឬ "ផលិតផលសម្គាល់ភូមិសាស្រ្ត" ឱ្យមានឈ្មោះល្បីដូចជា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ជាឧទាហរណ៍ស្រាប់។

ទី៣- យើងទាំងអស់គ្នាទទួលស្គាល់ផងដែរថា នៅក្នុងផលិតកម្មកសិកម្ម កសិករតែងតែប្រើប្រាស់គ្រប់មធ្យោ-បាយដើម្បីដាំដុះដំណាំឱ្យទទួលបានទិន្នផលខ្ពស់ ដែលក្នុងនោះការប្រើប្រាស់ថ្នាំកសិកម្ម​ត្រូវបាន​​ទទួលការ​និយមចូលចិត្តដោយ​សារវាមានប្រសិទ្ធភាពរហ័ស ទាន់ចិត្ត និងងាយរកបាននៅលើទីផ្សារ។ កសិករបានជ្រើសរើសថ្នាំកសិកម្មជាច្រើនប្រភេទមកប្រើប្រាស់​អាស្រ័យទៅតាម​មុខដំណាំ និងប្រភេទសមាស-ភាពចង្រៃ ដែលក្នុងនោះថ្នាំកសិកម្មខ្លះជាប្រភេទពុលខ្លាំង និងខ្លះទៀតស្ថិតក្នុងបញ្ជីហាមឃាត់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៀតផង។ ជាការពិត​ណាស់ថ្នាំកសិកម្មគឺជាអាវុធមុខពីរ មានន័យថា ប្រសិនបើ​យើងប្រើប្រាស់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងចំទិសដៅនោះវានឹងអាចជួយការពារផលដំណាំពីការបំផ្លាញ​របស់សមាស​ភាពចង្រៃ។ ប៉ុន្តែផ្ទុយមកវិញប្រសិនបើយើងប្រើប្រាស់វាមិនបានត្រឹមត្រូវទេនោះ អាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដូចជា ធ្វើឱ្យបាត់បង់តុល្យភាពជីវសាស្រ្ត ធ្វើឱ្យប៉ះពាល់ដល់សត្វមាន​ប្រយោជន៍ និងសុខភាពមនុស្ស ធ្វើឱ្យកខ្វក់ ឬបំពុលដល់បរិស្ថាន (ទឹក ដី និងបរិយាកាស) ជាឧបសគ្គដល់ការនាំផលិតផលកសិកម្មទៅលក់នៅក្រៅប្រទេស និងការអភិវឌ្ឍវិស័យទេសចរណ៍។ល។ ករណីនេះ ខ្ញុំសូមអំពាវនាដល់គ្រប់តួអង្គពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយអំពី​ការប្រើប្រាស់ជីកសិកម្ម និងថ្នាំកសិកម្មឱ្យបានសមស្របតាមបច្ចេក-ទេស ដើម្បីជួយកាត់បន្ថយនូវផលប៉ះពាល់ដល់សុខភាពសាធារណៈឱ្យបានជាអតិបរមា។

ទី៤- ត្រូវអនុវត្តបច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផលឱ្យបានល្អប្រសើរ រួមទាំងការកំណត់ពេលវេលាច្រូតកាត់ ការហាលសម្ងួត និងការទុកដាក់ឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការ​បាត់បង់​​ផលស្រូវ និងបង្កើនគុណភាពស្រូវ អង្ករ ព្រមទាំងជំរុញការងារដាំដុះស្រូវរដូវប្រាំងឆ្នាំ២០១៧នេះ ឱ្យបានច្រើនតាមលទ្ធភាពទឹកដែលអាចស្រោចស្រពបាន ដោយអនុវត្ដតាមបច្ចេកទេសត្រឹម​ត្រូវ​ដើម្បី​ទទួលបានទិន្នផល និងប្រាក់ចំណូលខ្ពស់ សំដៅកាត់បន្ថយការធ្វើចំណាកស្រុកដោយងាកមកបង្កបង្កើនផលក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្លាំងក្លាវិញ។

ទី៥- ជំរុញវិស័យឯកជនក្នុងការប្រមូលទិញស្រូវវស្សាឱ្យបានច្រើន ប្រសិនបើខ្វះទុន គួរខ្ចីពីធនាគារអភិវឌ្ឍន៍ជនបទបន្ថែម ដើម្បីជួយប្រជាកសិកកម្ពុជា។ លើសពីនេះទៀត វិស័យឯកជន មន្ទីរកសិកម្ម និងសហគមន៍កសិកម្ម ចាំបាច់ត្រូវសហការកំណត់ឱ្យបានច្បាស់លាស់នូវតំបន់ និងផ្ទៃដីផលិតកម្ម ប្រភេទពូជ និងការគ្រប់គ្រងទឹកដើម្បីជួយសម្រួលដល់កសិករលើការដាំដុះ និងបង្កើនការនាំចេញ​ឱ្យទាន់ពេលវេលា នៅពេលប្រមូលផល។ ជាមួយនេះ ក៏ត្រូវពិចារណារួមគ្នាបង្កើតជាសួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសកសិកម្មសម្រាប់ការងារស្រូវអង្ករ ដើម្បីធ្វើការប្រមូលផ្តុំកសិផល ធ្វើការកែច្នៃ វេចខ្ចប់ និងមានយន្តការត្រួតពិនិត្យភូតគាមអនាម័យច្បាស់លាស់ ដើម្បីធ្វើការនាំចេញរួម។ ទន្ទឹមនឹងនេះក៏ត្រូវគិតគូរអំពីការជំរុញឱ្យវិស័យឯកជន​ប្រើប្រាស់នូវប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យ នៅតាមឡសម្ងួត ម៉ាស៊ីន-កិន និងការប្រើប្រាស់នៅក្នុងខ្សែចង្វាក់ផលិតកម្មទាំងអស់ ដើម្បីកាត់បន្ថយថ្លៃផលិតកម្មឱ្យនៅកម្រិតអប្បបរមា។

ទី៦- បន្ថែមលើផលិតកម្មស្រូវ ត្រូវជំរុញការងារចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការងារដាំដុះដំណាំរួមផ្សំគ្រប់ប្រភេទ និងបន្លែកុំឱ្យដីនៅទំនេរ ជាពិសេស ឆ្លៀតប្រើប្រាស់ឱ្យអស់លទ្ធភាពពីសំណើម​ដីស្រែក្រោយពេល​ប្រមូលផលស្រូវវស្សារួចដើម្បីបង្កើនប្រាក់ចំណូល។

ទី៧- អង្គភាពជំនាញ រួមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្ដជំរុញការធ្វើអធិការកិច្ច ការត្រួតពិនិត្យ និងការអនុវត្ដច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្ម និងមូលដ្ឋានអាជីវកម្មសម្ភារកសិកម្មបន្ថែមទៀត ជាពិសេសយកចិត្តទុកដាក់ទប់ស្កាត់ចំពោះការហូរចូលថ្នាំកសិកម្ម និងជីកសិកម្ម តាមច្រករបៀងនៃខេត្តជាប់ព្រំដែន តាមផ្លូវទឹក ឬផ្លូវគោក ដោយត្រូវជម្នះរាល់ឧបសគ្គ និងការលំបាកផ្សេងៗ ដើម្បីចាត់វិធានការបង្ក្រាបបទល្មើស និងធ្វើការដោះស្រាយបទល្មើសស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

ទី៨- បន្ដនូវប្រពៃណីកិច្ចសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍកសិកម្មនានាឱ្យបានល្អប្រសើរ ដើម្បីផ្តល់ព័ត៌មានថ្មីៗស្ដីពីបច្ចេកទេសផលិតកម្មកសិកម្មឱ្យមាន​លក្ខណៈប្រទាក់ក្រឡាគ្នា ដើម្បីដោះស្រាយបញ្ហាដែលកសិករជួបប្រទះទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្រោយពីបញ្ចប់ការសំណេះសំណាល ឯកឧត្ដមរដ្ឋមន្ត្រីបានដោះស្រាយនូវសំណូមពរមួយចំនួនរបស់វត្ត សាលារៀន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងឧបត្ថម្ភដល់ប្រជាពលរដ្ឋ ៤០០នាក់ នូវថវិកា ១០០០០រៀល/ម្នាក់ សិស្សានុសិស្ស ១៥០នាក់ នូវប៊ិចនិងសៀវភៅ និងថវិកាចំនួន៥០០០រៀល/ម្នាក់ ហើយលោកគ្រូ អ្នកគ្រូ ១០នាក់ ថវិកា ៤០០០០រៀល/ម្នាក់ ហើយនិងប្រជាការពារ ៥០នាក់ នូវក្រម៉ាមួយនិងថវិកា ១០០០០រៀល/ម្នាក់៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 450

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 544

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 564

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 484

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 705

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 712

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 651

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 674

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 690

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 702

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 721

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...