នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាកដ្ឋានកសិកម្ម បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានបន្លែសរីរាង្គរបស់លោក អេង សុធារ៉ា (នៅចម្ការបន្លែ និងឈើហូបផ្លែសរីរាង្គ និងកសិដ្ឋានសរីរាង្គខ្មែរ) នៅភូមិចម្ការខ្លួងង ឃុំចម្ការខ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បច្ចុប្បន្ន កសិដ្ឋានបាននិងកំពុងដាំបន្លែ និងផ្លែឈើចម្រុះច្រើនប្រភេទដោយផលិតក្នុងកសិដ្ឋានផ្ទាល់ដោយមានកម្មករចំនូន៤០ទៅ៥០នាក់។ លើសពីនេះទៀតកសិដ្ឋានក៏បានសហការផលិតជាមួយកសិករក្នុងតំបន់នេះ តាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ដោយជ្រើសរើសកសិករដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសរួច ហើយជាមធ្យមកសិដ្ឋានមានលទ្ធភាពផ្គត់ផ្គង់បន្លែឲ្យទីផ្សារនៅភ្នំពេញប្រមាណ ១-២តោនក្នុង១ថ្ងៃ។
មានប្រសាសន៍ផ្តាំផ្ញើ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះម្ចាស់កសិដ្ឋាន បុគ្គលិក និងកសិករគ្រប់លំដាប់ថ្នាក់ដែលបានផ្ដួចផ្ដើមគំនិតនិងខិតខំដាំដុះបន្លែ ផ្លែឈើសរីរាង្គដើម្បីចូលរួមចំណែកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ដែលនឹងអឈានទៅកាត់បន្ថយការនាំចូលជាបណ្តើរៗនាពេលអនាគត។ នេះជាសកម្មភាពមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ជួយផ្សព្វផ្សាយបច្ចេកទេសកសិកម្មទាន់សម័យ បង្កើតការងារឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយចំណាកស្រុក និងផ្តល់ឱកាសដល់និស្សិតដែលបានបញ្ចប់់ការសិក្សាពីមហាវិទ្យាល័យ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់វិនិយោគិនក្នុងស្រុកគិតគូរដល់ការវិនិយោគដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យម្ចាស់កសិដ្ឋាន និងជាក្រុមហ៊ុមផលិតបន្លែនានាសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីចុះមកវាយតម្លៃលើការអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវស្របតាមស្តង់ដាកំណត់ ដើម្បីផ្តល់វិញ្ញាបនប័ត្របញ្ជាក់គុណភាពផលិតផលសរីរាង្គឱ្យបានច្បាស់លាស់ដើម្បីលើកកម្ពស់តម្លៃនៅលើទីផ្សារ និងចៀសវាងការកេងបន្លំ ឬក្លែងក្លាយ ដើម្បីបង្កើនការជឿទុកចិត្តដល់អ្នកបរិភោគ។