នៅថ្ងៃទី២៧-២៨ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «ការឆ្លុះបញ្ចាំងពីការជំរុញផលិតកម្មស្រូវ និងការអនុវត្តគម្រោងលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា» នៅខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ដោយមានការគាំទ្រពីអង្គការ GIZ និងក្រុមហ៊ុនដៃគូ Fuchs Group និង OFI ព្រមទាំងមានការចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ មន្ត្រីកសិកម្មឃុំ និងតួអង្គពាក់ព័ន្ធ។
សិក្ខាសាលានេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តផលិតកម្មដំណាំស្រូវនៅខេត្តព្រៃវែង និងដំណាំម្រេច ស្វាយចន្ទី និងស្រូវនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងឆ្លើយតបតាមតម្រូវការទីផ្សារ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់មន្ត្រីកសិកម្មឃុំ ក្នុងការផ្តល់ការណែនាំ និងគាំទ្រផ្នែកបច្ចេកទេសដល់ប្រជាកសិករ ការតាមដាន និងត្រួតពិនិត្យផ្ទៃក្នុងលើការអនុវត្តស្តង់ដារ និងគុណភាពផលិតកម្ម ព្រមទាំងការកត់ត្រាទិន្នន័យឱ្យបានត្រឹមត្រូវ។ ការបំពេញតួនាទីទាំងនេះ គឺជាកត្តាចាំបាច់ក្នុងការជួយឱ្យកសិករអនុវត្តផលិតកម្មតាមគោលការណ៍បច្ចេកទេសល្អ កាត់បន្ថយហានិភ័យ និងធានាបាននូវគុណភាពកសិផលតាមស្តង់ដារដែលបានកំណត់។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យមន្ត្រីកសិកម្មឃុំជួយណែនាំកសិករឱ្យមានចំណេះដឹង និងសមត្ថភាពក្នុងការវិភាគសេដ្ឋកិច្ចផលិតកម្មរបស់ខ្លួន ជាពិសេសការគណនាថ្លៃដើមផលិត ការវាយតម្លៃចំណូល ប្រាក់ចំណេញ និងការខាតបង់ ព្រមទាំងកំណត់មុខចំណាយដែលអាចកាត់បន្ថយបាន។ ការយល់ដឹង និងអនុវត្តវិធីសាស្ត្រទាំងនេះ នឹងជួយបង្កើនប្រសិទ្ធភាពផលិតកម្ម កាត់បន្ថយថ្លៃដើម បង្កើនប្រាក់ចំណេញជូនកសិករ៕