នាព្រឹកថ្ងៃសៅរ៍ ទី ៣១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានចុះទៅពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កេតឃើញថា ត្រីឆ្នាំនេះត្រូវច្រើនខ្លាំង។ ដាយមួយអាចចាប់បានត្រីរហូតដល់ទៅជិត៣តោនក្នុងរយៈពេលមិនដល់មួយម៉ោងផង។ លទ្ធផលនេះកើតមានបានដោយសារប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មេីសក្នុងបឹងទន្លេសាប កាលពីរដូវត្រីពងកន្លងមក ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ត្រីធម្មជាតិរបស់យើងនៅមានលទ្ធភាពកកើតនិងរីកធំធាត់ឡើងកាន់តែច្រើនបើយើងនៅតែបន្តរក្សាបាននូវជំរកត្រីពងតាមព្រៃលិចទឹកទាំងឡាយ និងបែងចែកឲ្យមានរដូវនេសាទសមល្មមផ្តល់ពេលវេលាឱ្យមច្ឆាជាតិទាំងឡាយ អាចរីកលូតលាស់បន្តពូជពង្ស។ តុល្យភាពរវាងការអភិរក្ស និងផលិតកម្ម ជាគន្លឹះនៃនិរន្តរភាព។ ដូច្នេះ សូមអ្នកនេសាទទាំងអស់បន្តគោរពច្បាប់នេសាទ ដេីម្បីរក្សាធនធាននេះឱ្យបានយូរអង្វែង។ ឯអ្នកប្រព្រឹត្តល្មើសនឹងប្រឈមនឹងទោសទណ្ឌយ៉ាងតឹងតែង។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំមន្ត្រីជលផលរួចហើយ អំពីយុទ្ធសាស្ត្រនៃការពង្រឺងច្បាប់ដោយមិនផ្អែកតែលើបទល្មើសជាក់ស្តែងនោះឡើយ។ ឱ្យតែមានភស្តុតាងនឹងកំណត់អត្តសញ្ញាណនៃជនល្មើសបាន ការឃាត់ខ្លួនអាចធ្វើឡើងគ្រប់ពេល។