នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល តម្រង់ទិសជាមួយសមាជិក សមាជិការ មន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។
ពិធីសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងណែនាំមន្ត្រីកសិកម្មឃុំ-សង្កាត់ទាំង២១រូប ដល់បណ្ដាស្រុក ឃុំ គោលដៅ ដើម្បីចុះជួយកសិករក្នុងភូមិ-ឃុំគោលដៅ ណែនាំតម្រង់ទិសបន្ថែមលើកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និងកំណត់ផលិតផលកសិកម្មអាទិភាពកសិកម្មសរីរាង្គក្នុងខេត្តជាដើម។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ក៏បានបញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដោយលើកអំពីតួនាទីភារកិច្ច រចនាសម្ព័ន្ធការងារ របស់មន្ត្រីកសិកម្មឃុំ-សង្កាត់ និងតួនាទីភារកិច្ចរបស់ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដើម្បីតាមដានតម្លៃ វិភាគ រក្សាលំនឹងថ្លៃ និងទីផ្សារជាខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសរីរាង្គអាទិភាព ដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី សណ្ដែកដី ល្ង និងដំណាំបន្ទាប់បន្សំក្នុងខេត្តព្រះវិហារផងដែរ។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើកម្មវិធីដាក់ពង្រាយមន្ត្រីកសិកម្ម ឃុំ-សង្កាត់ ការរៀបចំសហគមន៍កសិកម្មទំនើប និងកម្មវិធីហិរញ្ញប្បទាន ដើម្បីសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ តាមរយៈការកសាងប្រព័ន្ធពូជសុទ្ធ និងផលិតផលកសិកម្មសរីរាង្គ ដោយឈរលើគោលការណ៍និរន្តរភាព សេដ្ឋកិច្ច និងបរិស្ថាន។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ការិយាល័យជំនាញទាំង១០ ក្រោមឱវាទមន្ទីរ ស្រុក ឃុំ គោលដៅ តួអង្គពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដែលមានអ្នកចូលរួមសរុបចំនួន ៤៨នាក់៕