នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខេត្តព្រះសីហនុ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖(១)ផ្សព្វផ្សាយលទ្ធផលនៃរបាយការណ៍វាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ ដល់អង្គប្រជុំទាំងអស់ឱ្យបានយល់ដឹងអំពីសមទ្ធិផល ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ព្រមទាំងលើកកម្ពស់ការយកចិត្តទុកដាក់ និងការចូលរួមរបស់អង្គភាពពាក់ព័ន្ធ និង(២)ពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលដើម្បីកំណត់អាទិភាព វិធានការកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមលទ្ធផលវាយតម្លៃ និងជំរុញការរៀបចំផែនការសកម្មភាពឱ្យមានភាពជាក់លាក់ និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ថវិកា៕