នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមចំនួន ៤៥០នាក់ នៅទីស្តីការក្រសួង។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថាក្រសួងនឹងមានការកែសម្រួលនូវហេដ្ឋារចនាសម្ព័ន្ធថ្មីដេីម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់មានផាសុកភាព ងាយស្រួលក្នុងការបំពេញការងារ ទទួលបានបរិយាកាសល្អ និងបង្ហាញនូវកិត្យានុភាពនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដើរតួយ៉ាងសំខាន់នៅក្នុងការធានាសន្តិសុខស្បៀង នៅក្នុងចំណោមការងារសំខាន់ផ្សេងៗទៀតជាច្រើន សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជា។
បេីតាម ឯកឧត្តមរដ្ឋមន្ដ្រី ការកែប្រែមុខមាត់ថ្មីនេះមានការគិតគូរយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអចិន្ត្រៃយ៍ក្នុងគោលបំណងទទួលបានផលប្រយោជន៍រួម និងបង្កេីតនូវបរិស្ថានល្អមួយអំណោយផលសម្រាប់ការបំពេញការងាររបស់មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕