នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍ លើការបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងជូនប្រជាកសិករ នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម ហុង ណារិត លោកជំទាវ លី សាគីណា ឯកឧត្តម ប៉ុល សុផា ឯកឧត្តម ស្រី សុទ្ធា ប្រធានមន្ទីរកសិកម្ម មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។
ការបន្តចុះពិនិត្យអន្តរាគមន៍នេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាត់ដង្កូវ និងវិធានការធម្មជាតិក្នុងការកម្ចាត់ ។ ជារួម ដោយទទួលបានការសហការពីមន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំ កសិករបានទទួលព័ត៌មានយ៉ាងរហ័សនូវវិធានការទប់ស្កាត់ និងបច្ចេកទេសក្នុងការកម្ចាត់ដង្កូវហ្វូង ទើបធ្វើឱ្យស្ថានភាពនៃការបំផ្លាញដោយសារដង្កូវហ្វូងមានកម្រិតតិចតួច និងអាចគ្រប់គ្រងបាន។
ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះ ឯកឧត្តម ប្រាក់ ដាវីដ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូង។ លទ្ធផលដ៏ល្អប្រសើរនេះ បានស្តែងចេញពីការចូលរួមយ៉ាងសកម្ម រវាងមន្ត្រីបច្ចេកទេស មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចុះជួយផ្សព្វផ្សាយ និងអន្តរាគមន៍ជួយដល់កសិករទាន់ពេលវេលា។ ជាមួយគ្នាដែរ ឯកឧត្តម បានក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមខ្លួនជានិច្ចសម្រាប់ជួយដល់កសិករ៕