នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានតម្រង់ទិសដល់អគ្គនាយកដ្ឋានកៅស៊ូអំពីគោលដៅនៃការរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ ដែលធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពចៀរជ័ររបស់កម្មករប្រកបរបរចៀរជ័រកៅស៊ូ។ ការប្រឡងនេះទៀតសោត ដើម្បីទទួលបានការគាំទ្រនិងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា ត្រូវរៀបចំឱ្យ មានលក្ខណៈសប្បាយរីករាយ និងត្រូវជំរុញការផ្សព្វផ្សាយឱ្យ បានផុលផុស។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការវាយតម្លៃដាក់ពិន្ទុ ដែលត្រូវធ្វើឡើងដោយសុក្រឹត្យ ស្របតាមលក្ខខណ្ឌកំណត់ ដោយផ្ដោតលើល្បឿននៃការចៀរជ័រ សោភណ្ឌភាព និងជាពិសេសគឺភាពត្រឹមត្រូវទៅតាមបច្ចេកទេសនៃការចៀរជ័រ។
ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំពិធីប្រារព្ធខួប១០០ឆ្នាំនៃចម្ការកៅស៊ូចំណាស់ជាងគេនៅកម្ពុជាដែលបានដាំតាំងពីឆ្នាំ១៩២៤ ឯកឧត្តមរដ្ឋមន្ដ្រីឯកភាពរៀបចំតាមផែនការដែលបានគ្រោងទុក។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រីមានបំណងរៀបចំទីតាំងចម្ការកៅស៊ូនេះឱ្យក្លាយទៅជា «សួនអភិរក្សចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា» នាពេលខាងមុខ៕