នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង CFAVC បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យនិងរៀបចំ «ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៧» នៅសណ្ឋាគារសង្គហមិត្ត ក្នុងខេត្តកែប។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ព្រមទាំងថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រងគម្រោង ភ្នាក់ងារអនុវត្តគម្រោង (GDAHP, GDA, CARDI) ទីប្រឹក្សាបច្ចេកទេស និងតំណាងអង្គភាពអនុវត្តគម្រោង មកពីខេត្តគោលដៅទាំង៤ រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ និងខេត្តកំពត។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង តាមរយៈការឆ្លុះបញ្ចាំងពីសូចនាករនីមួយៗ និងធានាឱ្យការអនុវត្តស្របតាមគោលដៅ និងទិសដៅដែលបានកំណត់។ ជាមួយគ្នានេះ ភាគីពាក់ព័ន្ធ និងក្រុមទីប្រឹក្សាបច្ចេកទេស បានរួមគ្នាផ្តល់ធាតុចូលសម្រាប់កំណត់អាទិភាព និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ ឱ្យស្របតាមក្របខណ្ឌយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម។
ជាលទ្ធផល កិច្ចប្រជុំសម្រេចបាននូវផែនការសកម្មភាពរួមមួយ ដែលនឹងក្លាយជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់ ក្នុងការបន្តពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្មប្រកបដោយភាតរៈបរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមខេត្តគោលដៅឱ្យមានប្រាក់ចំណូលកើនឡើងប្រកបដោយចីរភាព៕