នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះអង្គការតុកកែញញឹមកម្ពុជា ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម ដោយមានបំណងចង់លេីកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកឡេីងថា អង្គការតុកកែញញឹមកម្ពុជា គឺជាគំរូសហគមន៍មួយដ៏ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាពស៊ីចង្វាក់គ្នា និងល្អប្រសេីរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យអង្គការពិនិត្យលទ្ធភាពក្នុងការចូលរួមការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ដេីម្បីជួយគាំទ្រនូវសហគមន៍កសិកម្មទំនេីប ដែលត្រូវការធនធានមនុស្ស ដែលអាចដឹកនាំទៅរកភាពចំនេញ ពង្រឹងនូវខ្សែច្រវ៉ាក់ផលិតកម្មនិងតម្លៃ និងអាចនាំយកផលិតផលពីកសិដ្ឋានទៅទីផ្សារបានយ៉ាងពិតប្រាកដ។
ក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ និងបានគូសបញ្ជាក់ថាកម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញកសិ-ធុរកិច្ច និងការកែច្នៃអាហារគឺពិតជាសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវអភិវឌ្ឍធនធានមនុស្សប្រកបទៅដោយចំណេះដឹង ចំណេះធ្វេី មានភាពជាអ្នកដឹកនាំ និងមានភាពបុរេសកម្ម។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសេីរ និងជឿជាក់ថាអង្គការតុកកែញញឹមកម្ពុជានឹងបន្តអភិវឌ្ឍបេសកកម្មរបស់ខ្លួនតទៅមុខបន្ថែមទៀត ទូទាំងប្រទេសកម្ពុជា ហេីយក្រសួងកសិកម្មនឹងជួយគាំទ្រដល់កិច្ចសហការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកសិកម្មឱ្យកាន់តែរីកចំរេីន។
សូមជម្រាបជូនថា កិច្ចប្រជុំមានគោលបំណងពិភាក្សាអំពីគំនិតផ្តួចផ្តេីមបង្កេីតកម្មវិធីឧត្តមសិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នាដែលពាក់ព័ន្ធជំនាញការកែច្នៃអាហារ និងជំនាញកសិ-ធុរកិច្ច និងការអភិវឌ្ឍជាចង្កោមសំដៅដល់ការបង្កេីតភូមិអភិវឌ្ឍដែលមាន ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ មុខរបរ កសិកម្ម សិប្បកម្ម សេវាកម្ម និងការសិក្សាស្រាវជ្រាវ៕