នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសហុងគ្រី រដ្ឋាភិបាលសាធារណរដ្ឋឆែក និងសហភាពអឺរ៉ុប ដើម្បីសុំអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួង មុនបន្តការសិក្សានៅក្រៅប្រទេស នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស ដែលជាសាកលវិទ្យាល័យល្បីៗ។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ គិតគូរកត្តាសុខភាព ចាប់យកជំនាញច្បាស់លាស់ និងផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្រលេីបច្ចេកទេសផ្ទាល់ផង និងភាសាបរទេសផង។
បើតាម ឯកឧត្តមរដ្ឋលេខាធិការ ការប្រកាន់ភ្ជាប់នូវអត្តសញ្ញាណជាតិ គឺជារឿងចាំបាច់ដែលត្រូវទទួលស្គាល់ខ្លួនយើងជាខ្មែរ ហើយត្រូវគោរពវិន័យឱ្យតឹងរឹង ស្វែងយល់ពីវប្បធម៌ប្រពៃណីនានា និងចូលរួមផ្សព្វផ្សាយនូវវប្បធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជាផងដែរ សំដៅបង្កើនការយល់ដឹង ពង្រឹងទំនាក់ទំនងជាមួយជាតិសាសន៍ដទៃឱ្យរឹងមាំ និងក្លាយជាធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត ជាពិសេសការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕