ថ្ងៃ ពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤-២៦ ខែកក្កដា ឆ្នាំ ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ (CamGAP) ដល់បុគ្គលិក កម្មករ នៃក្រុមហ៊ុន Hyundai Kasekam Khmer Co.,Ltd និងម្ចាស់ចម្ការដែលបានសហការដាំដុះផ្គត់ផ្គង់ផលិតផលផ្លែស្វាយឲ្យក្រុមហ៊ុន Hyundai Kasekam Khmer Co.,Ltd។
វគ្គបណ្តុះបណ្តាលខាងលើត្រូវបានរៀបចំឡើងនៅក្នុងក្រុមហ៊ុន Hyundai Kasekam Khmer Co.,Ltd ដែលមានទីតាំងស្ថិតនៅភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៣៤នាក់ ក្នុងនោះស្រី្ត ០៦នាក់។
លទ្ធផលដែលរំពឹងទុកក្រោយទទួលបាននូវវគ្គបណ្តុះបណ្តាលក្នុងរយៈពេល ០៣ថ្ងៃគឺ សិក្ខាកាមទាំងអស់នឹងយល់ដឹងពីការអនុវត្តកសិកម្មល្អរបស់កម្ពុជា និងអាស៊ាន ទាំងការងារគ្រប់គ្រងក្នុងការដំាដុះ លាងសម្អាត លើកដាក់ វេចខ្ចប់ ដឹកជញ្ជូន។ល។ នៅក្នុងការផ្គត់ផ្គង់ផលិតផល ដើម្បីឲ្យសិក្ខាកាមចេះកំណត់ និងវាយតម្លៃពីសក្តានុពលនៃគ្រោះថ្នាក់សុវត្ថិភាពចំណីអាហារ គុណភាពផលិតផលដែលបណ្តាលមកពីប្រភពដែលបង្កគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកប្រើប្រាស់ ពោលគឺធ្វើយ៉ាងណាដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ។ លើសពីនេះ សិក្ខាកាមក៏អាចយកចំណេះដឹងដែលទទួលបានពីគ្រូឧទ្ទេស ទៅអនុវត្តផ្ទាល់នៅចម្ការ ក៏ដូចជាយកទៅចែករំលែកទៅកាន់កសិករដទៃទៀត ដើម្បីធ្វើយ៉ាងណាឲ្យផលិតផលផ្លែស្វាយ ក៏ដូចបន្លែ និងផ្លែឈើស្រស់ ដែលចេញពីចម្ការធានាបាននូវគុណភាព និងសុវត្ថិភាព អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសទាំងនៅក្នុងតំបន់ និងទីផ្សារពិភពលោក។