នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមប្រធានរដ្ឋមន្ត្រីកសិកម្មអាស៊ាន បានថ្លែងសន្ទរកថាបទអន្តរាគមន៍ស្តីពីការបង្កើតនូវយន្តការដើម្បីអោយមាននិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្មពិភពលោក ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនៃប្រទេសG20 ( G20 Agriculture Minister Meeting) ក្នុងបទអន្តរាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើយន្តការ និងគោលការណ៍ណែនាំ ក៏ដូចជាបទដ្ឋានបច្ចេកទេស និងលិខិតបទដ្ឋានគិតិយុទ្ធផ្សេងៗជាច្រើនដែលរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បានអនុម័តកន្លងមក និងដាក់អោយប្រទេសជាសមាជិកអាស៊ានអនុវត្ត ដើម្បីធានាអោយបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងវិធានការទប់ស្កាត់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងជុំរុញការអនុវត្តកសិកម្មឆ្លាយវៃ ក៏ដូចជាលើកកម្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជិថល់កសិកម្មក្នុងទាំងក្នុងការផ្សព្វផ្សាយ ផលិតកម្ម ពាណិជ្ជកម្ម និងគ្រប់ខ្សែរច្រវាក់តំលៃទាំងអស់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាសមាជិកអាស៊ានក្នុងការត្រៀមខ្លួនជាស្រេចដើម្បីកិច្ចសហប្រតិបត្តិការជាមួយសមាជិកនៃបណ្តាលប្រទេសG20 ក៏ដូចជាដៃគូរអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអង្គការអន្តរជាតិទាំងអស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងចីរភាព និងដើម្បីធានានិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្មពិភពលោក ។