នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នៅទីស្តីការក្រសួងកសិកម្ម។ កម្មវិធីមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា អង្គភាពជំនាញពាក់ព័ន្ធ តំណាងអង្គការ FAO តំណាងក្រុមហ៊ុន One Event និងអ្នកសារព័ត៌មានមកពី២៧ស្ថាប័នព័ត៌មាន។
ថ្លែងក្នុងអង្គសន្និសីទ ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ CAFE26 គឺជាគំនិតផ្ដួចផ្ដើមដោយឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អាជីវករ អ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍នានា និងសាធារណជន។ វេទិកានេះក៏នឹងបង្ហាញពីសក្តានុពលនៃវិស័យកសិកម្ម ដោយផ្តោតលើការលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបង្កើតប្រព័ន្ធឌីជីថលដោះស្រាយបញ្ហាប្រឈម និងការបណ្តុះបណ្តាលសមត្ថភាពយុវជនជំនាន់ក្រោយផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការរៀបចំវេទិកា CAFE26 មិនមែនផ្តោតតែលើការតាំងពិព័រណ៍នោះទេ ប៉ុន្តែជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការតភ្ពាប់ខ្សែច្រវាក់តម្លៃឱ្យបានពេញលេញ ត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមក៏បានលើកទឹកចិត្ត ដល់ស្ថាប័នព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយ ទៅដល់សាធារណជន និងអ្នកផលិតផ្ទាល់ ឱ្យត្រៀមខ្លួនចូលរួមក្នុងវេទិកា ដ៏មានសារសំខាន់នាពេលខាងមុខ។
សូមជម្រាបជូនថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតលើកទី២ ដែលរៀបចំដោយក្រសួងកសិកម្ម សហការជាមួយអង្គការ FAO ក្រុមហ៊ុន One Event និងដៃគូអភិវឌ្ឍន៍នានា។ ព្រឹត្តិការណ៍ CAFE26 ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលខាងមុខ មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃផលិផលកសិ-ស្បៀងអាហារកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕