នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជា ឆេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតី ជាមួយលោកជំទាវ នួម សុភ័ណ សមាជិករដ្ឋសភា ក្នុងពិធីចែកសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រកម្រិត១ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានកសិកម្ម និងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) តាមរយៈគម្រោង «ការឆ្លើយតបរហ័សសម្រាប់កសិករងាយរងគ្រោះ ដោយសារគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូត អ៊ែល នីណូ» នៅសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបញ្ជាក់ថា ការផ្តល់ថវិកានេះ គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មសហប្រជាជាតិ និងរដ្ឋបាលស្រុក ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រកម្រិត១ក្នុងស្រុកអូរជ្រៅ និងជួយពលរដ្ឋក្រីក្របំផុតឱ្យមានលទ្ធភាពស្តារជីវភាពឡើងវិញ ក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ផង ការងើបឡើងវិញយឺតនៃសេដ្ឋកិច្ចសកល និងគ្រោះធម្មជាតិបង្កឡើងដោយបាតុភូត អ៊ែល នីណូផង។
ឯកឧត្តមឱ្យដឹងទៀតថា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តែងតែយកចិត្តទុកដាក់ជំរុញអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ជាពិសេស កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាពប្រជាកសិករ ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ តាមរយៈគោលនយោបាយ «មានហូប មានប្រើ មានបាន និងមានរហូត»។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបានថ្លែងអំណរគុណអង្គការ FAO សម្រាប់ការផ្តល់ថវិកាតាមរយៈគម្រោងនេះ ដល់គ្រួសារប្រជាពលរដ្ឋក្រីក្រកម្រិត១ ក្នុងមូលដ្ឋានស្រុកអូរជ្រៅ និងផ្តាំផ្ញើលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ថវិកាដែលទទួលបានឱ្យចំគោលដៅ ដើម្បីស្តារជីវភាពឡើងវិញ៕