នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងវិស័យកសិកម្ម ជូនមន្ត្រីនៃការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចំណុះរដ្ឋបាលក្រុង ស្រុក ខណ្ឌ» តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីឯកឧត្តម សាន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក ង៉ាន ណានី អគ្គលេខាធិការរង តំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង និងមន្ត្រីជំនាញសរុបចំនួន ២៥០នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយលេខាធិការដ្ឋាន គ.វ.វ.ក សហការជាមួយអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យកាន់តែមានភាពរឹងមាំ។
នាឱកាសនោះ ឯកឧត្តម ស្រី វុឌ្ឍី បានណែនាំដល់មន្ត្រីថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យយកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយមន្ត្រីកសិកម្មឃុំ សង្កាត់ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីធានាឱ្យការអនុវត្តការងារមានភាពស៊ីសង្វាក់គ្នា និងទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះជាជំហានដំបូងក្នុងការគាំទ្រដល់ការអនុវត្តមុខងារដែលក្រសួងបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ការងារកសិកម្ម សុខភាពសត្វ និងផលិតកម្មសត្វ ព្រៃឈើ ជលផល និងសេវារដ្ឋបាល ព្រមទាំងការផ្ទេរធនធានមនុស្ស ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវា និងការអនុវត្តការងារនៅមូលដ្ឋាន។
ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត និងយន្តការគាំទ្រចាំបាច់នានា ដើម្បីជួយសម្រួលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តមុខងារដែលបានផ្ទេរឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការបណ្តុះបណ្តាល និងការពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ នឹងរួមចំណែកលើកកម្ពស់គុណភាពការងារបច្ចេកទេសកសិកម្ម និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕