នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន បានអញ្ជើញជាគណអធិបតី ពិធីបើក «កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការអភិរក្សថនិកសត្វទឹកសាបនៅតំបន់អាស៊ី» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្របច្ចេកទេស និងថវិកាពីវិទ្យាស្ថានជីវសាស្ត្រទឹក (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងមានការអញ្ជើញចូលរួមពីអ្នកវិទ្យាសាស្ត្រ អ្នករៀបចំគោលនយោបាយ អ្នកជំនាញអភិរក្សមកពីប្រទេសចំនួន១១ ព្រមទាំងតំណាងមកពីគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) ដើម្បីផ្លាស់ប្តូរលទ្ធផលស្រាវជ្រាវ បទពិសោធន៍ និងស្វែងរកដំណោះស្រាយរួមក្នុងការកាត់បន្ថយការគំរាមកំហែងលើថនិកសត្វទឹកសាបនៅតំបន់អាស៊ី។
ថ្លែងទៅកាន់អង្គប្រជុំ លោកជំទាវបានសង្កត់ធ្ងន់ថា «ការអភិរក្សពុំមានព្រំដែនឡើយ» ដោយសារធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងការគំរាមកំហែងលើជីវចម្រុះ មិនស្ថិតនៅក្នុងដែនកំណត់នៃប្រទេសណាមួយឡើយ។ ហេតុនេះ ការអភិរក្សប្រកបដោយប្រសិទ្ធភាពទាមទារឱ្យមានការទទួលខុសត្រូវរួម ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសពាក់ព័ន្ធទាំងអស់។
តាមរយៈកិច្ចប្រជុំថ្នាក់តំបន់នេះ លោកជំទាវសង្ឃឹមថា កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ ពីការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ទៅជាសកម្មភាពអភិរក្សជាក់ស្តែង ដែលអាចវាស់វែងលទ្ធផលបាន។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ត្រូវដើរទន្ទឹមគ្នាជាមួយការកសាងសមត្ថភាពអ្នកជំនាញជាតិ និងការចូលរួមរបស់សហគមន៍មូលដ្ឋាន ដើម្បីធានាថាកិច្ចខិតខំប្រឹងប្រែងអភិរក្សថនិកសត្វទឹកសាបនៅតំបន់អាស៊ី និយាយជារួម និងនៅកម្ពុជា និយាយដោយឡែក អាចបន្តទៅមុខប្រកបដោយនិរន្តរភាព និងបរិយាបន្ន៕