នៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧ ដដែល បន្ទាប់ពីបានពិនិត្យលើការចិញ្ចឹមមាន់របស់កសិករនៅភូមិច្រេះ ឃុំក្បាលដំរី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហការីបានបន្តអញ្ជើញចុះពិនិត្យ សកម្មភាពផលិតពូជស្រូវរបស់សហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា ដែលឧបត្ថម្ភដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងបំណងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ។
កន្លងមកគម្រោងបានចុះជួយរៀបចំឯកសារផលិតគ្រាប់ពូជ ចងក្រងក្រុងផលិតពូជស្រូវ បើកវគ្គបណ្តុះបណ្តាលការបន្សុតគ្រាប់ពូជ។ ក្រោយពេលបានអនុវត្តគម្រោងឃើញថាប្រជាកសិករចាប់ផ្តើមប្តូរពូជស្រូវ ទទួលបាន នូវចំណេះបច្ចេកទេសផលិត និងបន្សុតពូជ សេវាកម្មផ្គត់ផ្គង់ពូជដល់សមាជិក និងលក់ចែកចាយដល់ប្រជាកសិករទូទាំងខេត្ត។ ផ្តើមចេញពីបទពិសោធន៍ និងចំណេះដឹងនេះធ្វើអោយសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើន។ នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់សហគមន៍អោយខិតខំបន្តទៀត ទាំងបច្ចេកទេស និងការងារទីផ្សារ។ គួរអញ្ជើញកសិករចូលរួមជាសមាជិកអោយបានច្រើន ដើម្បីទទួលយកបច្ចេកទេសផលិតកម្មស្រូវ បង្កើនជីវភាពគ្រួសារ កាត់បន្ថយចំណាកស្រុក។