នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលព្រៃវែង រួមជាមួយអធិការដ្ឋានរដ្ឋបាលជលផល ចតុមុខ និងសហការកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងកន្លែងនេសាទសហគមន៍ពាមមានជ័យ ក្នុងឃុំពាមមានជ័យ ស្រុកពាមរក៏ ខេត្តព្រៃវែង ។
វត្ថុតាងដែលរឹបអូស និងបំផ្លាញចោលរួមមាន លូស្បៃមុងចំនួន ២០មាត់ របាំងព្រួលស្បៃមុងប្រវែង ១ ៤៥០ម៉ែត្រ បង្គោលឫស្សីចំនួន ៥៥០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ១២០គីឡូក្រាម ចូលបឹងធម្មជាតិវិញ។
បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោកនាយខណ្ឌ បានអប់រំ និងផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ប្រកាសស្ដីពីឧបករណ៍នេសាទ ដល់អ្នកនេសាទចំនួន២៨នាក់។ បន្ទាប់ពីទទួលបានការអប់រំណែនាំ ប្រជានេសាទអស់ បានយល់ព្រមដាក់របាំងព្រួលតាមការណែនាំសមស្របតាមច្បាប់ជាធរមាន៕