នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើ សេចក្តីប្រកាសបំណង រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម កសិអាហារ និងអធិបតេយ្យភាពស្បៀងអាហារ នៃសាធារណរដ្ឋបារាំង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ក្រោមសហអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
ខ្លឹមសារនៃ សេចក្តីប្រកាសបំណង នេះមានគោលបំណងពង្រឹង និងបង្កើនសន្ទុះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំងក្នុងវិស័យកសិកម្ម និងកសិ-ស្បៀងអាហារ ដោយផ្តោតសំខាន់លើការស្រាវជ្រាវ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI) ការពង្រឹងសន្តិសុខស្បៀងអាហាររួមគ្នា ការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្រោមក្របខណ្ឌសុខភាពតែមួយ(One Health) និងការសម្របសម្រួលឱកាសតភ្ជាប់ទីផ្សារកសិ-ពាណិជ្ជកម្ម និងការវិនិយោគ៕