នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ សហគមន៍កសិកម្ម ចំនួន៤ ដូចជា៖ សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន សហគមន៍កសិកម្មទួលល្វាអមតៈ សហគមន៍កៅស៊ូគ្រួសារប៉ៃលិន និងសហគមន៍កសិកម្មរតនៈក្រចាប់មានជ័យ និងរោងចក្រវេចខ្ចប់មៀនស្រស់ និងកែច្នៃមៀនសម្ងួត នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍កសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល បានស្តាប់សំណើសំណូមពរ ព្រមទាំងពិនិត្យនូវផែនការផលិតកម្ម និងផែនការអាជីវកម្ម ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃ កាត់បន្ថយចំណាយថ្លៃដើមផលិតកម្ម និងមាននិរន្តរភាព ឆ្ពោះទៅកាន់ទីផ្សារ។
ទន្ទឹមនឹងនេះ ឯកឧត្តម គី ច័ន្ទរំដួល បានចុះពិនិត្យសិប្បកម្មកែច្នៃមៀនសម្ងួត និងរោងចក្រវេចខ្ចប់មៀនស្រស់ កែវ មុន្នី ហ្វូត ដើម្បីពិនិត្យដំណើរការផលិតកម្ម មធ្យោបាយដឹកជញ្ជូន ការស្តុកទុក និងកែច្នៃមៀនសម្ងួត ធ្វើយ៉ាងណាឱ្យអនុវត្តតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ មានគុណភាពល្អ ស្តុកទុកបានត្រឹមត្រូវ និងជំរុញពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕