ឯកឧត្តម ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពលើកទី៥
ចេញផ្សាយ ១៤ វិច្ឆិកា ២០២៦
219
នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) និងលោកជំទាវ សុន ណាលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងសហប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងលើកទី៥ និងទស្សនកិច្ចវឌ្ឍនភាពគម្រោង ក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តតំបន់ឆ្នេរ។
កិច្ចប្រជុំប្រព្រឹត្តទៅនៅខេត្តកែប និងទស្សនកិច្ចវឌ្ឍនភាពការអនុវត្តគម្រោងនៅសហគមន៍នេសាទក្នុងខេត្តកែប និងខេត្តកំពត ដោយកិច្ចប្រជុំបានពិនិត្យ និងទទួលយកសមិទ្ធផលនៃការអនុវត្តគម្រោងត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សា និងអនុម័តផែនការការងារ និងថវិកាឆ្នាំ២០២៧ ដោយផ្តល់អនុសាសន៍តម្រង់ទិសសំខាន់ៗ ដើម្បីជំរុញប្រសិទ្ធភាព និងពន្លឿនការអនុវត្តគម្រោងឱ្យសម្រេចតាមគោលដៅ និងសូចនាករដែលបានកំណត់ ជាពិសេសការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទចំនួន ២០ ០០០ គ្រួសារ ក្នុងតំបន់ឆ្នេរ។
ជាមួយគ្នានេះ ប្រតិភូនៃគណៈកម្មការតម្រង់ទិសបានចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពគម្រោងនៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប និងសហគមន៍នេសាទព្រែកត្នោត និងត្រពាំងរពៅ ខេត្តកំពត ដោយបានពិនិត្យសកម្មភាពចិញ្ចឹមគ្រំចំពុះទា ការដាក់សំណង់ជម្រកត្រីសិប្បនិម្មិត និងស្ថានីយភ្ញាស់និងបំប៉នកូនក្តាមសេះ ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាសហគមន៍ ដើម្បីលើកទឹកចិត្ត និងជំរុញការអនុវត្តសកម្មភាពគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕