នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យសហគ្រាសកែច្នៃកសិផលសក្កានុពល រួមមាន៖ ក្រុមហ៊ុន ខ្មែរ យ៉ូរីយូ ខូ អិលធីឌី ក្រុមហ៊ុន ពេជ្រចិន្តា ហ្វូតប្រូដាក់សិន កន្លែងទិញកសិផល រិទ្ធី ពិសី និងសហគមន៍មៀនស្រុកម៉ាឡៃ(សិរិហ្វាម) នៅខេត្តបន្ទាយមានជ័យ។
ក្នងដំណើរទស្សនកិច្ចនេះ ឯកឧត្តម គី ច័ន្ទរំដួល បានចុះពិនិត្យលើសហគ្រាស និងស្តង់កសិផល ព្រមទាំងពិភាក្សាពីការពង្រឹងខ្សែច្រវាក់តម្លៃ ការប្រកួតប្រជែង និងទទួលបានតម្លៃបន្ថែម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ដោយឡែកសម្រាប់ក្រុមហ៊ុន ខ្មែរ យ៉ូរីយូ ខូ អិលធីឌី ឯកឧត្តម គី ច័ន្ទរំដួល លើកទឹកចិត្តក្នុងការសហការជាមួយសាកលវិទ្យាល័យកសិកម្មទាំង៣ ដើម្បីសិក្សាពីលទ្ធភាពជំរុញការកែច្នៃផលិតផលថ្មីៗ ស្រូបយកកសិផលសក្កានុពលក្នុងស្រុក ផ្តល់កម្មសិក្សាចែករំលែកបទពិសោធន៍ដល់និស្សិត ជាពិសេសអនុញ្ញាតឱ្យនិស្សិតអាចចូលរួមជួយគាំទ្រលើគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងពង្រីកទំហំនៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕