នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយលោក Nkulumo Zinyengere ប្រធានក្រុមបេសកកម្មទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីប្រមូលធាតុចូលសម្រាប់របាយការណ៍ស្ដីពី បរិស្ថាននិងការអភិវឌ្ឍ របស់ធនាគារពិភពលោក ធ្វើយ៉ាងណាឱ្យរបាយការណ៍នោះ មានខ្លឹមសារស្របតាមផែនការសកម្មភាព និងគោលនយោបាយជាតិរបស់កម្ពុជា។
បន្ទាប់ពីបានស្ដាប់បទបង្ហាញខ្លីអំពីដំណើរការនិងគោលបំណងនៃការសរសេររបាយការណ៍រួច ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់អ្នកជំនាញរបស់ធនាគារពិភពលោក អំពីទស្សនវិស័យនៃវិស័យកសិកម្ម ដែលឯកឧត្តមផ្ដោតសំខាន់លើការលើកកម្ពស់សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច៕