នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
ក្នុងឱកាសអញ្ជេីញជាអធិបតីក្នុងពិធី ឯកឧត្តមរដ្ឋមន្រ្តី មានកិត្តិយស និងក្តីសោមនស្សរីករាយក្នុងការអញ្ជើញចូលរួមក្នុងពិធីដ៏សំខាន់ ដើម្បីផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសដល់អង្គប្រជុំឱ្យបានយល់កាន់តែច្បាស់ និងអនុវត្តការងារឆ្នាំ ២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចំគោលដៅ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបន្តប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បន្តសហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីជួយដល់ប្រជាកសិករដល់មូលដ្ឋាន និងទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាល ខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ដើម្បីមានបាន គឺជាការលំបាកមួយកម្រិតទៀត ដែលអគ្គនាយកដ្ឋាន និងមន្រ្តីក្រោមឱវាទត្រូវគិតគូរពិចារណាឱ្យបានសុីជម្រៅដោយផ្តោតទៅលេីភាពចំនេញសេដ្ឋកិច្ច តុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ ផែនការផលិតកម្មដល់ប្រជាកសិករអ្នកចិញ្វឹមសត្វ ជាជាងការបង្កេីនបរិមាណផលិតកម្មសត្វ ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការងារសុខភាពសាធារណៈគឺជាការងារចាំបាច់ដែលអគ្គនាយកដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់សត្វទូទាំងប្រទេស និងការផ្តល់សេវាកម្មថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ម្យ៉ាងវិញទៀត ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងថា ការងារសុខភាពតែមួយ (One Health) ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំជាមួយក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ដែលជាដៃគូក្នុងការផ្តល់ផលប្រយោជន៍សុខភាព និងអនាម័យដល់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការងារវិនិយោគ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកទឹកចិត្តដល់អគ្គនាយកដ្ឋាន សហការជាមួយវិស័យឯកជនគ្រប់ភាគីពាក់ព័ន្ធ និងអ្នកវិនិយោគទាំងអស់ ចូលរួមបេីកទីផ្សារផលិតផលសាច់គ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដោយគិតគូរពីស្តង់ដាអនាម័យ ភូតគាមអនាម័យ គុណភាព រសជាតិ ស្របតាមនីតិវិធីត្រឹមត្រូវ និងបច្ចេកទេសនៃកិច្ចចរចាពាណិជ្ជកម្ម ដោយទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ផលចំនេញដល់សេដ្ឋកិច្ចជាតិ។
សម្រាប់ការរួមចំណែកកិច្ចការនយោបាយ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គពិធីត្រូវបង្កេីនការចូលរួមឱ្យមានភាពសកម្ម ផ្សព្វផ្សាយនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ព្រមទាំងឆ្លេីយតប និងតបតរទៅនឹងព័ត៌មានក្លែងក្លាយ រឺភាពមិនប្រក្រតីណាមួយឱ្យចំគោលដៅ និងជាក់ស្តែងច្បាស់លាស់។
ជាទីបញ្ចប់នៃអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំចំពោះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បន្តកិច្ចការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត មានសាមគ្គីភាពផ្ទៃក្នុង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងជូនពរដល់អង្គពិធី ទទួលបានជោគជ័យ និងសុភមង្គលគ្រួសារក្រោមម្លប់សុខសន្តិភាព៕