សិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Diversification Project-CASDP) ត្រូវបានរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣ ដើម្បីឆ្លុះបញ្ចាំង ពី បទពិសោធន៍ សមិទ្ធផលនានា និងបញ្ហាប្រឈម ដែលបានអនុវត្តកាលពីឆ្នាំ២០២២ និងកំណត់ ចងក្រងបទពិសោធន៍សំខាន់ៗ សម្រាប់កែលម្អការអនុវត្តគម្រោងឱ្យបានល្អប្រសើនៅ ឆ្នាំ២០២៣ ។ សិក្ខាសាលានេះដំណើរការក្រោមអធិបតីភាពពី ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង, និងលោកស្រី ចំរើន មុទិតា អ្នកឯកទេសជាន់ខ្ពស់អភិវឌ្ឍន៍ ជនបទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃធនគារពិភពលោក។ ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាន វិសាល តំណាងក្រសួងអភិវឌ្ឍន៌ជនបទ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ អ្នកចូលរួមមានចំនួន១០៩នាក់ ដែលមានតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម ដែលជាស្ថាប័នអនុវត្តគម្រោង, តំណាងមកពីធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ, អ្នកផ្តល់សេវាបច្ចេកទេស ព្រមទាំងមានតំណាងមកពីស្ថាប័នហិរញ្ញវត្ថុ (ធនាគារប្រៃសណីយ៍កម្ពុជា AMK និងចំរើន), សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម, សហគ្រាសកសិធុរកិច្ចខ្នាតតូច និងមធ្យម (ក្រុមហ៊ុន Tropicam សម្រាប់ផលិតកម្មបន្លែសុវត្ថិភាព និង ក្រុមហ៊ុន SANTANA Agro Product., Ltd. សម្រាប់គ្រាប់ស្វាយចន្ទី), សមាជិកនៃគណៈកម្មាធិការក្រុមប្រឹក្សាពិគ្រោះយោបល់ និងអនុម័ត, និងតំណាងមកពីសហគមន៍កសិកម្មតាសីសាមគ្គីនៃខេត្តបាត់តំបង។