លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានដឹកនាំសហការីនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដោយសហការជាមួយ លោក ប៉ិន សុង ប្រធាន និងអនុប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិនៃរដ្ឋបាលស្រុកបវេល ចុះត្រួតពិនិត្យសត្វល្អិតលើដំណាំស្រូវ ក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដំណាំស្រូវជាច្រើនហិកតាដែលស្ថិតក្នុងដំណាក់កាលដាក់ទឹកដោះ និងខ្លះទៀតស្ថិតនៅដំណាក់កាលដាក់គ្រាប់ កំពុងរងផលប៉ះពាល់ដោយសារមមាចខ្នងស និងត្នោត ដែលបានកើតឡើងក្នុងរយៈពេលប្រហែល២០ថ្ងៃរួចមកហើយ។
ផ្អែកលើផលប៉ះពាល់នេះ ដំណាំស្រូវអាចនឹងថយទិន្នផលប្រមាណ១០%ទៅ ១៥%។ ឆ្លើយតបនឹងបញ្ហានេះ កសិករបានបន្តប្រើប្រាស់ថ្នាំកំចាត់មមាច២ ទៅ៣ថ្ងៃម្តង តែមិនមានលទ្ធផលនោះទេ។
លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មបញ្ជាក់ថា ក្រុមការងារបានផ្តល់ជាអនុសាសន៍ដល់កសិករ ត្រូវកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំពុលគីមី ចៀសវាងការប្រើប្រាស់ពូជដែលបានពីការប្រមូលផលនេះ។ លោកបានណែនាំដល់បងប្អូនប្រជាកសិករត្រូវភ្ជួររាស់ និងពន្លិចទឹកភ្លាមៗបន្ទាប់ពីប្រមូលផលរួច ដើម្បីសំលាប់ពពួកមមាច មិនត្រូវប្រើថ្នាំគីមីនៅដំណាក់កាលទុំ និងត្រូវតាមដានវត្តមានសត្វល្អិតក្នុងស្រែជាប្រចាំ។
ចំណែក ការិយាល័យកសិកម្ម បរិស្ថាន ធនធានធម្មជាតិនៃរដ្ឋបាលស្រុកទាំង១៤ស្រុក ក្រុង ត្រូវចេញគោលការណ៍ណែនាំពីការគ្រប់គ្រងសត្វល្អិត (មមាច) និងផ្សព្វផ្សាយដល់ប្រជាកសិករឱ្យបានលឿនរហ័សនិងទូលំទូលាយ៕