នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២០ លោកបណ្ឌិល ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម តំណាងលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដីពី”ការផលិត និងផ្គត់ផ្គង់ស្រូវផ្ការមដួលផលិតតាមស្តង់ដារផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាព ឯកឧត្តម លី សសារី អភិបាលរងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយអង្គការGIZ និងដោយមានការគាំទ្រពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីដៃគូពាក់ព័ន្ធសរុបប្រមាណ ៧0នាក់។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវផ្ការមដួលផលិតតាមស្តង់ដារផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាពនេះបានធ្វើឡើងរវាងក្រុមហ៊ុនបាត់ដំបងរ៉ាយ៍ និងសហគមន៍ចំនួន ៧ ដែលមានបរិមាណស្រូវសរុបចំនួន ៣ ២៤៤,៥០តោន ដែលក្នុងនោះរួមមាន៖ (១) សហគមន៍កសិកម្មរំដួលទានកាំ (២)សហគមន៍កសិកម្មសំរោងមានជ័យ (៣)សហគមន៍កសិកម្មពោធិ៍រាំបុណ្យចំរើនផល (៤)សហគមន៍កសិកម្មអាងជើងគ្រុះ (៥)សហគមន៍កសិកម្មតាផូរុងរឿង (៦)សហគមន៍កសិកម្មអូរជ្រៅរស្មើសាមគ្គី និង(៧)សហគមន៍ក្បាលស្ពានដូនណយ។