ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម វ៉ាហ៊ីត គីរីស៊ី (Vahit KIRISCI) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋតួកគី ============================== នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម វ៉ាហ៊ីត គីរីស៊ី (Vahit KIRISCI) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋតួកគី នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជានិងតួកគី មានកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងវិស័យជាច្រើន ក្នុងនោះ កសិកម្មក៏ជាវិស័យសក្ដានុពលមួយផងដែរ។ ខណៈដែលតួកគីជាប្រទេសឈានមុខមួយនៅក្នុងវិស័យកសិកម្ម ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងតួកគីនៅក្នុងវិស័យកសិកម្ម ដែលមានជាអាថិ៍៖ ការផ្ទេរបច្ចេកវិទ្យានិងពាណិជ្ជកម្មគ្រឿងយន្តកសិកម្មគ្រប់ប្រភេទ ពីតួកគី ជាពិសេស ដ្រូន ដែលអាចឃ្លាំមើលព្រៃនិងដែននេសាទ, ការនាំចូលនូវកសិផលខ្មែរដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់ទីផ្សារតួកគី និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាផ្នែកកសិកម្មនៅប្រទេសតួកគីជាដើម។ តាមរយៈកិច្ចប្រជុំទ្វេភាគីនាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ជឿជាក់ថា កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងនាំមកនូវការរីកចម្រើនបន្ថែមទៀតដល់វិស័យកសិកម្មកម្ពុជា។