លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាការងារបន្ត ជាមួយ​សារព័ត៌មានអេអ៊ឹមអេស អំពីការពង្រឹងកិច្ចសហការក្នុងការផលិត​ព័ត៌មាន អំពីវិស័យកសិកម្ម

ចេញ​ផ្សាយ​ ០៤ មេសា ២០២៥ 545

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារ​ជាមួយ​សារព័ត៌មានអេអ៊ឹមអេស (AMS) អំពីអំពីការពង្រឹងកិច្ចសហការក្នុងការផលិត​ព័ត៌មាន អំពីវិស័យកសិកម្ម។
នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែង​អំណរ​គុណ​ចំពោះ​សារព័ត៌មាន AMS និងសារព័ត៌មានជាច្រើនទៀត ដែលបាន​ផ្សព្វផ្សាយ​ពីការចូលរួមដោះស្រាយបញ្ហារបស់កសិករ តាមរយៈជួយផ្សព្វ​ផ្សាយ​បច្ចេកទេស ស្វែងរកទីផ្សារកសិផលជូនកសិករ និងតែងតែផលិត​ព័ត៌មាន​ផ្សព្វផ្សាយ ពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា ជាពិសេស​ស្រប​​តាមគោលនយោបាយរបស់ក្រសួងគឺ៖ «មានហូប មានប្រើ មានបាន និងមានរហូត»។ 
ចំពោះគោលបំណងរបស់សារព័ត៌មាន AMS ដែលចង់ជំរុញកិច្ចសហការជាមួយក្រសួងឲ្យដល់កម្រិតជាដៃគូផ្សព្វផ្សាយយុទ្ធសាស្ត្រសម្រាប់វិស័យកសិកម្ម លោកជំទាវបានសម្ដែងការស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចគោលដៅនេះ ក្នុងបំណងពង្រីកការផ្សព្វផ្សាយព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយពីវិស័យកសិកម្ម ដើម្បីផលប្រយោជន៍ប្រជាកសិករ និយាយ​ដោយ​ឡែក និងសម្រាប់វិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជា និយាយជារួម៕

Other News
slide 5 to 7 of 12