នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ នៅសាលប្រជុំ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់ក្រុមប្រឹក្សាចំនួន ២៥រូប ដែលត្រូវប្រកាសចូលកាន់តំណែង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការផ្តល់សេវាសាធារណៈ ធានាសន្តិសុខសុវត្ថិភាព លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ដើម្បីសម្រេចការងារបាម ស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការល្អ ធ្វើការជាមួយគ្នាប្រកបដោយទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមប្រឹក្សាត្រូវធ្វើការជាមួយអភិបាលខេត្តថ្មីឱ្យបានជិតស្និទ្ធ ទាន់ពេល ត្រូវមានរបបប្រជុំតាមការកំណត់ និងត្រូវបំពេញកាតព្វកិច្ចស្របតាមនីតិវិធីច្បាប់ជាធរមាន។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាខេត្តត្រូវប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិនិត្យការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែខិតជិតនិងកាន់តែប្រសើរ ព្រមទាំងធានាគ្រប់គ្រងសន្តិសុខសុវត្ថិភាពមូលដ្ឋាន និងចុះមូលដ្ឋានផ្ទាល់ដើម្បីដឹងពីសុខទុក្ខនិងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕