នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានទទួលបន្ទុកអនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ប្រចាំក្រុងសិរីសោភ័ណ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តគម្រោង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងជាប្រធានអនុវត្ត គម្រោងថ្នាក់ខេត្ត លោក សំ ឆោមសង្ហា អនុប្រធានអគ្គលេខាធិការដ្ឋាន អ្នកសម្របសម្រួលគម្រោងថ្នាក់ស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងមន្ត្រីកសិកម្ម សង្កាត់មកពីសង្កាត់ទឹកថ្លា ភ្នៀត កំពង់ស្វាយ និងម្កាក់។
កិច្ចប្រជុំបានផ្តោតលើ ការពិនិត្យវឌ្ឍនភាពការងារចុះពិនិត្យទីតាំង សម្រាប់ដំឡើងផ្ទះសំណាញ់ ទ្រុងមាន់ និងរោងផ្សិត ព្រមទាំង ការត្រៀមរៀបចំសន្និបាត កំណើតដំបូងសហគមន៍ទំនើប សម្រាប់បន្តជំរុញការអនុវត្តសកម្មភាពគម្រោង ឱ្យស្របតាមផែនការកំណត់៕